ព្រះត្រៃបិដក ភាគ ៧៩
[១៧៧] ពួកធម៌ជារបស់សេក្ខបុគ្គល តើដូចម្ដេច។ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៣ ខាងក្រោម នេះពួកធម៌ជារបស់សេក្ខបុគ្គល។ ពួកធម៌ជារបស់អសេក្ខបុគ្គល តើដូចម្ដេច។ អរហត្តផលខាងលើ នេះពួកធម៌ជារបស់អសេក្ខបុគ្គល។ ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល តើដូចម្ដេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។
[១៧៨] ពួកធម៌មានសភាពតូចឆ្មារ តើដូចម្ដេច។ ពួកធម៌ជាកាមាវចរទាំងអស់ ជាកុសល អកុសល អព្យាក្រឹត និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មានសភាពតូចឆ្មារ។ ពួកធម៌ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ជារូបាវចរ អរូបាវចរ ជាកុសល អកុសល អព្យាក្រឹត និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដល់នូវសភាពធំ។ ពួកធម៌ប្រមាណមិនបាន តើដូចម្ដេច។ មគ្គជាអបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ប្រមាណមិនបាន។
ID: 637646509769260719
ទៅកាន់ទំព័រ៖