ព្រះត្រៃបិដក ភាគ ៧៩
[១៧៩] ពួកធម៌មានអារម្មណ៍តូចឆ្មារ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌មានសភាពតូចឆ្មារ នេះពួកធម៌មានអារម្មណ៍តូចឆ្មារ។ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ ដល់នូវសភាពធំ នេះពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ។ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ប្រមាណមិនបាន នេះពួកធម៌មានអារម្មណ៍ប្រមាណមិនបាន។
[១៨០] ពួកធម៌ដ៏ថោកទាប តើដូចម្ដេច។ អកុសលមូល ៣ យ៉ាងគឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ដ៏ថោកទាប។ ពួកធម៌ជាកណ្ដាល តើដូចម្ដេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាកណ្ដាល។ ពួកធម៌ដ៏ឧត្តម តើដូចម្ដេច។ មគ្គជាបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ដ៏ឧត្តម។
ID: 637646510066135696
ទៅកាន់ទំព័រ៖