ព្រះត្រៃបិដក ភាគ ៧៩

 [១៨១] ពួក​ធម៌​មាន​សភាព​ខុស និង​ទៀង តើ​ដូចម្ដេច។ អនន្ត​រិក​កម្ម ៥ និង​និយត​មិច្ឆាទិដ្ឋិ នេះ​ពួក​ធម៌​មាន​សភាព​ខុស និង​ទៀង។ ពួក​ធម៌​មាន​សភាព​ត្រូវ និង​ទៀង តើ​ដូចម្ដេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មាន​សភាព​ត្រូវ និង​ទៀង។ ពួក​ធម៌​មិន​ទៀង តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​ទៀង។
 [១៨២] ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ តើ​ដួច​ម្តេច។ ពួក​ធម៌​ណា​ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក កើតឡើង​ព្រោះ​ប្រារព្ធ​នូវ​អរិយមគ្គ នេះ​ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍។ ពួក​ធម៌​មាន​មគ្គ​ជាហេតុ តើ​ដូចម្តេច។ វៀរតែ​អង្គ​នៃ​មគ្គ របស់​បុគ្គល​ដែល​ព្រមព្រៀង ដោយ​អរិយមគ្គ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​មគ្គ​នោះ នេះ​ពួក​ធម៌​មាន​មគ្គ​ជាហេតុ។ សម្មាទិដ្ឋិ​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​អរិយមគ្គ ជាម​គ្គ​ផង ជាហេតុ​ផង វៀរលែងតែ​សម្មាទិដ្ឋិ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​មគ្គ និង​ហេតុ​នោះ នេះ​ពួក​ធម៌​មាន​មគ្គ​ជាហេតុ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637646510313948234
ទៅកាន់ទំព័រ៖