ព្រះត្រៃបិដក ភាគ ៧៩
បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច។ ការមិនជាប់ចំពាក់ ការមិនជាប់ស្អិត ភាពនៃចិត្តមិនជាប់ចំពាក់ក្នុងអារម្មណ៍ ការមិនត្រេកអរ ការមិនរីករាយ ភាពនៃចិត្តមិនត្រេកអរក្នុងអារម្មណ៍ ការមិនសំឡឹងរំពៃ សេចក្តីមិនលោភ ជាកុសលមូលណា នេះហៅថាអលោភៈ។ បណ្តាកុសលមូលទាំងនោះ អទោសៈ តើដូចម្តេច។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្តក្នុងអារម្មណ៍ ការមេត្រី ការរាប់អាន ភាពនៃចិត្តរាប់អាន ការអាណិត ការប្រព្រឹត្តិអាណិត ភាពនៃចិត្តអាណិត ការស្វែងរកនូវប្រយោជន៍ ការអនុគ្រោះ ការមិនគុំគួន ការមិនបៀតបៀន សេចក្តីមិនប្រទូស្ត ជាកុសលមូលណា នេះហៅថា អទោសៈ។ បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច។ ការដឹងច្បាស់ក្នុងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទ័យ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ (បដិច្ចសមុប្បន្នធម៌) និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំជាប់ ការចំណាំស្និទ្ធ ភាពជាបណ្ឌិត ការឈ្លាសវៃ ការប្រសប់ ការប៉ិនប៉ៅ ការគិតគូរ ការពិចារណា ប្រាជ្ញាដូចជាផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ណែនាំ ការយល់ ការឃើញច្បាស់ ការដឹងខ្លួនច្បាស់លាស់ ការចាក់ធ្លុះ ការដឹងច្បាស់
ID: 637646511757385706
ទៅកាន់ទំព័រ៖