ព្រះត្រៃបិដក ភាគ ៧៩
ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតិដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ។
[២១២] បណ្តាអាសវៈទាំងនោះ អវិជ្ជាសវៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក្ខ មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) ជំនន់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសវៈ។
នេះពួកធម៌ជាអាសវៈ។
ID: 637646526333010691
ទៅកាន់ទំព័រ៖