ព្រះត្រៃបិដក ភាគ ៧៩

 [២២៥] បណ្តា​សញ្ញោជនៈ​ទាំងនោះ សីលព្វត​បរាមាស​សញ្ញោជនៈ តើ​ដូចម្តេច។ ពួក​សមណព្រាហ្មណ៍ ខាងក្រៅ​អំពី​សាសនា​នេះ មាន​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ទាក់ទិន​គឺ​ទិដ្ឋិ ការ​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ធម្មជាត​ដែល​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ​ថា សេចក្តី​បរិសុទ្ធិ​ដោយ​សីល បរិសុទ្ធិ​ដោយ​វ័ត បរិសុទ្ធិ​ដោយ​សីល និង​វ័ត នេះ​ហៅថា សីលព្វត​បរាមាស​សញ្ញោជនៈ។
 [២២៦] បណ្តា​សញ្ញោជនៈ​ទាំងនោះ ភវ​រាគ​សញ្ញោជនៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា ក្នុង​ភព តម្រេក​ក្នុង​ភព ការ​រីករាយ​ក្នុង​ភព ការ​អន្ទះសា​ក្នុង​ភព សេចក្តី​ស្រឡាញ់​ក្នុង​ភព ការ​រោលរាល​ក្នុង​ភព ការ​ជ្រុលជ្រប់​ក្នុង​ភព ការ​ងប់​ចិត្ត​ក្នុង​ភព ក្នុង​ភព​ទាំងឡាយ​ណា នេះ​ហៅថា ភវ​រាគ​សញ្ញោជនៈ។
 [២២៧] បណ្តា​សញ្ញោជនៈ​ទាំងនោះ ឥស្សា​សញ្ញោជនៈ តើ​ដូចម្តេច។ សេចក្តី​ច្រណែន អាការ​ច្រណែន ភាព​នៃ​ចិត្តច្រណែន សេចក្តី​ឈ្នានីស អាការ​ឈ្នានីស ភាព​នៃ​ចិត្ត​ឈ្នានីស ក្នុង​លាភសក្ការៈ ការគោរព ការរាប់​អាន ការសំពះ និង​ការ​បូជា របស់​បុគ្គល​ដទៃ​ណា នេះ​ហៅថា ឥស្សា​សញ្ញោជនៈ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637646528186135678
ទៅកាន់ទំព័រ៖