ព្រះត្រៃបិដក ភាគ ៧៩

 [២២៨] បណ្តា​សញ្ញោជនៈ​ទាំងនោះ មច្ឆរិយ​សញ្ញោជនៈ តើ​ដូចម្តេច។ កំណាញ់ ៥ យ៉ាង គឺ​កំណាញ់​អាវាស កំណាញ់​ត្រកូល កំណាញ់​លាភ កំណាញ់​សេចក្តី​សរសើរ កំណាញ់​ធម៌ និង​សេចក្តី​កំណាញ់ អាការ​កំណាញ់ ភាព​នៃ​ចិត្តកំណាញ់ ការ​ប្រា​ថ្នា​ផ្សេងៗ ការ​ស្វិតស្វាញ ការ​រឹតត្បិត ភាព​នៃ​ចិត្ត​ប្រាថ្នា​ប្រយោជន៍​ដ៏​លើស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា មច្ឆរិយ​សញ្ញោជនៈ។
 [២២៩] បណ្តា​សញ្ញោជនៈ​ទាំងនោះ អវិជ្ជា​សញ្ញោជនៈ តើ​ដូចម្តេច។ ការ​មិនដឹង​ក្នុង ទុក្ខ មិនដឹង​ក្នុង​ហេតុ​នៃ​ទុក្ខ មិនដឹង​ក្នុង​ការ​រលត់ទុក្ខ មិនដឹង​ក្នុង​ផ្លូវ​ប្រតិបត្តិ ជា​ដំណើរ​ដើម្បី​រលត់ទុក្ខ មិនដឹង​ក្នុង​ខន្ធ​ចំណែកខាង​ដើម មិនដឹង​ក្នុង​ខន្ធ​ចំណែកខាង​ចុង មិនដឹង​ខន្ធ​ចំណែកខាង​ដើម និង​ខាងចុង មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យ​បច្ច័យ​នោះៗ និង​ការ​មិនដឹង ការ​មិនឃើញ ការ​មិន​ត្រាស់​ដឹង ការ​មិន​រលឹក​ឃើញ ការ​មិន​ភ្ញាក់​រលឹក ការ​មិន​ចាក់ធ្លុះ ការ​មិនបាន​ដោត​ក្រង​ទុក មិន​ចុះចិត្តស៊ប់ មិន​រំពឹងមើល មិន​ពិចារណា អំពើ​មិន​ជាក់ច្បាស់ ការឈ្វេងយល់​បាន​ដោយ​ក្រ ភាព​នៃ​បុគ្គល​ល្ងង់ ការ​មិនដឹង​ខ្លួន ការ​វង្វេង វង្វេង​ជ្រប់ ការ​ភ្លេចភ្លាំង អវិជ្ជា ជំនន់​គឺ​អវិជ្ជា ការ​ប្រកប​គឺ​អវិជ្ជា អនុស័យ​គឺ​អវិជ្ជា
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637646528426135669
ទៅកាន់ទំព័រ៖