ព្រះត្រៃបិដក ភាគ ៧៩
រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ។
[២៣៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ
(១) ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ
(២)។
[២៣៧] បណ្តាគន្ថៈទាំងនោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វឲ្យប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វ បណ្តាញ ការបង្ហូរទៅ ការផ្សាយទៅកាន់អារម្មណ៍ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត
(១) សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺអភិជ្ឈា។ (២) សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយយល់ថា នេះទៀង ការយល់ដទៃ ជាមោឃៈ។
ID: 637646530483323893
ទៅកាន់ទំព័រ៖