ព្រះត្រៃបិដក ភាគ ៧៩
[២៣៨] បណ្តាគន្ថៈទាំងនោះ ព្យាបាទកាយគន្ថៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជា ប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើតឡើងក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រេវក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទកាយគន្ថៈ។
ID: 637646530874573624
ទៅកាន់ទំព័រ៖