ព្រះត្រៃបិដក ភាគ ៧៩
ភាពមិនឈ្លាសវៃ ភាពមិនគួរដល់ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពរួញរា សេចក្តីធុញទ្រាន់ ការធុញទ្រាន់ ភាពធុញទ្រាន់ណា នៃចិត្ត នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពមិនឈ្លាសវៃ ភាពមិនគួរដល់ការងារ ការជ្រប់ ការស្រពោន ការងងឹតឈ្លប់ខាងក្នុង ការងោកងក់ ការសុបសៅ អាការយឺតភ្លឹះៗ សេចក្តីសុបសៅ អាការសុបសៅ ភាពសុបសៅណានៃកាយ នេះហៅថា មិទ្ធៈ។ នេះថីនៈ នេះមិទ្ធៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ថីនមិទ្ធនីវរណៈ។
[២៥២] បណ្តានីវរណៈទាំងនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ តើដូចម្តេច។ ឧទ្ធច្ចៈ (ការអណ្តែតអណ្តូង) ក៏មាន កុក្កុច្ចៈ (ការនឹករង្កៀស) ក៏មាន។ បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ការអណ្តែតអណ្តូង ការមិនស្ងប់រម្ងាប់ ការរាយមាយ ការភ័ន្តភាំងណានៃចិត្ត នេះហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ ការសំគាល់ថាគួរក្នុងរបស់មិនគួរ សំគាល់ថាមិនគួរក្នុងរបស់គួរ សំគាល់ថាជាទោសក្នុងរបស់មិនមែនជាទោស សំគាល់ថាមិនជាទោសក្នុងរបស់ជាទោស និងសេចក្តីរង្កៀស អាការរង្កៀស ភាពនៃចិត្តរង្កៀស ការក្តៅក្រហាយចិត្ត ការរសេមរសាមចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា កុក្កុច្ចៈ។ នេះឧទ្ធច្ចៈ នេះកុក្កុច្ចៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ឧទ្ធច្ចកុក្កុច្ចនីវរណៈ។
ID: 637646532703019553
ទៅកាន់ទំព័រ៖