ព្រះត្រៃបិដក ភាគ ៧៩
ពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែលផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែលផង។
[២៦៦] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយអារម្មណ៍។ ពួកធម៌មិនមែនជាអារម្មណ៍ តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាអារម្មណ៍។
[២៦៧] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។ ពួកធម៌មិនមែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាចិត្ត។
[២៦៨] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ជាចេតសិក។ ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាចេតសិក។
ID: 637646535077238255
ទៅកាន់ទំព័រ៖