ព្រះត្រៃបិដក ភាគ ៧៩
សេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ការលើកខ្លួន ការប៉ោងឡើង អាការដូចទង់ជ័យ ការតំកើង ភាពនៃចិត្តប្រាថ្នាដូចដងទង់ណា ដែលមានសភាពបែបនេះ នេះហៅថា មានះ។
[២៩៦] បណ្តាកិលេសវត្ថុទាំងនោះ ទិដ្ឋិ តើដូចម្តេច។ (ការយល់) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះគឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅមិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិដែរ។
[២៩៧] បណ្តាកិលេសវត្ថុទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង
ID: 637646538839425750
ទៅកាន់ទំព័រ៖