ព្រះត្រៃបិដក ភាគ ៧៩
ងឿងឆ្ងល់សង្ស័យចំពោះខន្ធ ទាំងជាចំណែកខាងដើម និងខាងចុង ងឿងឆ្ងល់សង្ស័យចំពោះធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងសេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់ ការយល់ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការបែកជាផ្លូវពីរ ការកន្ទះរា ការប្រកាន់យកចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆា។
[២៩៨] បណ្តាកិលេសវត្ថុទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល មិនគួរដល់ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពនៃចិត្តរួញរា សេចក្តីធុញទ្រាន់ អាការធុញទ្រាន់ ភាពនៃចិត្តធុញទ្រាន់ណា នេះហៅថា ថីនៈ។
[២៩៩] បណ្តាកិលេសវត្ថុទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ភាពនៃចិត្តរវើរវាយ ការមិនស្ងប់រម្ងាប់ ការរាយមាយនៃចិត្ត ការភ័ន្តភាំងនៃចិត្តណា នេះហៅថា ឧទ្ធច្ចៈ។
[៣០០] បណ្តាកិលេសវត្ថុទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយអំពើដែលគួរខ្មាស មិនខ្មាសដោយការភប់ប្រសប់នូវអកុសលធម៌ដ៏លាមក នេះហៅថា អហិរិកៈ។
ID: 637646539195519522
ទៅកាន់ទំព័រ៖