ព្រះត្រៃបិដក ភាគ ៧៩
[៣១២] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យចំពោះព្រះសាស្តា។បេ។ ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។
[៣១៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[៣១៤] សញ្ញោជនៈ ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌គួរលះដោយទស្សនៈ។ ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនគួរលះដោយទស្សនៈ។
ID: 637646541756769581
ទៅកាន់ទំព័រ៖