ព្រះត្រៃបិដក ភាគ ៧៩
ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ (ឃើញ) វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សក្កាយទិដ្ឋិ។
[៣១៨] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះព្រះសាស្តា។បេ។ ភាពនៃសេចក្តីរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។
[៣១៩] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។
[៣២០] សញ្ញោជនៈ ៣ នេះ និងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។
ID: 637646542360988187
ទៅកាន់ទំព័រ៖