ព្រះត្រៃបិដក ភាគ ៧៩

វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​អំពី​អកុសលមូល​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​រណៈ ពួក​ធម៌​មិនមែន​ជា​រណៈ (មិនជា​សឹកសត្រូវ) តើ​ដូចម្តេច។ ពួក​ធម៌​ជាកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ជា​រណៈ។
 [៣៣៦] ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​វិ​ជា្ជ តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​វិជ្ជា នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​វិជ្ជា។ ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​វិជ្ជា តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អវិ​ជា្ជ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​អវិជ្ជា ។
 [៣៣៧] ពួក​ធម៌​ប្រៀប​ដូច​ផ្លេកបន្ទោរ តើ​ដូចម្តេច។ បញ្ញា ក្នុង​អរិយមគ្គ ៣ ខាងក្រោម នេះ​ពួក​ធម៌​ប្រៀបប្រដូច​ផ្លេកបន្ទោរ។ ពួក​ធម៌​ប្រៀប​ដូច​ពេជ្រ តើ​ដូចម្តេច។ បញ្ញា​ក្នុង​អរហត្តមគ្គ​ខាងលើ នេះ​ពួក​ធម៌​ប្រៀប​ដូច​ពេជ្រ។
 [៣៣៨] ពួក​ធម៌​ពាល តើ​ដូចម្តេច។ អហិរិកៈ និង​អនោត្តប្បៈ នេះ​ពួក​ធម៌​ពាល សូម្បី​អកុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​ពាល​ដែរ។ ពួក​ធម៌​បណ្ឌិត តើ​ដូចម្តេច។ ហិរិ និង​ឱត្តប្បៈ នេះ​ពួក​ធម៌​បណ្ឌិត សូម្បី​កុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​បណ្ឌិត​ដែរ។
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637646544492550780
ទៅកាន់ទំព័រ៖