ព្រះត្រៃបិដក ភាគ ៧៩

 [៣៣៩] ពួក​ធម៌​ខ្មៅ តើ​ដូចម្តេច។ អហិរិកៈ និង​អនោត្តប្បៈ នេះ​ពួក​ធម៌​ខ្មៅ សូម្បី​អកុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​ខ្មៅ​ដែរ។ ធម៌​ស តើ​ដូចម្តេច។ ហិរិ និង​ឱត្តប្បៈ នេះ​ពួក​ធម៌​ស សូម្បី​កុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​សដែរ។
 [៣៤០] ពួក​ធម៌​ដុត​កំ​ដៅ តើ​ដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោ​ទុច្ចរិត នេះ​ពួក​ធម៌​ដុត​កំ​ដៅ សូម្បី​អកុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​ដុត​កំ​ដៅ​ដែរ។ ពួក​ធម៌​មិន​ដុត​កំ​ដៅ តើ​ដូចម្តេច។ កាយសុចរិត វចីសុចរិត មនោសុចរិត នេះ​ពួក​ធម៌​មិន​ដុត​កំ​ដៅ សូម្បី​កុសលធម៌​ទាំងអស់ ក៏​ជា​ពួក​ធម៌​មិន​ដុត​កំ​ដៅ​ដែរ។
 [៣៤១] ពួក​ធម៌​ជា​អធិវចនៈ (ឈ្មោះ) តើ​ដូចម្តេច។ ការរាប់ ការ​ដឹង​ដោយ​ប្រពៃ ការ​តាំង​ទុក ការ​និយាយ​ឈ្មោះ ការ​ធ្វើ​នូវ​ឈ្មោះ កា​រតំ​កល់​ទុក​នូវ​ឈ្មោះ លំនាំ​ពាក្យ​ពោល ព្យព្ជានៈ ការ​និយាយចំ​ឈ្មោះ​ណា នៃ​ពួក​ធម៌​នោះៗ នេះ​ពួក​ធម៌​ជា​អធិវចនៈ។ ឯ​ពួក​ធម៌​ទាំងអស់ ក៏​ជា​គន្លង​នៃ​អធិវចនៈ​ដែរ។
 [៣៤២] ពួក​ធម៌​ជា​និរុត្តិ (ពាក្យ​ពោល) តើ​ដូចម្តេច។ ការរាប់ ការ​ដឹង​ដោយ​ប្រពៃ ការ​តាំង​ទុក ការ​និយាយ​ឈ្មោះ ការ​ធ្វើ​នូវ​ឈ្មោះ កា​រតំ​កល់​ទុក​នូវ​ឈ្មោះ លំនាំ​ពាក្យ​ពោល ព្យព្ជានៈ ការ​និយាយចំ​ឈ្មោះ​ណា នៃ​ពួក​ធម៌​នោះៗ នេះ​ពួក​ធម៌​ជា​និរុត្តិ។ ឯ​ពួក​ធម៌​ទាំងអស់ ក៏​ជា​គន្លង​នៃ​និរុត្តិ​ដែរ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637646544827863236
ទៅកាន់ទំព័រ៖