ព្រះត្រៃបិដក ភាគ ៧៩
ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតឡើង ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះបដិច្ចសមុប្បាទធម៌នោះ នេះហៅថា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ។
[៣៥៨] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងឋានៈ (ហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះឋានៈ ព្រោះអាស្រ័យនូវហេតុប្បច្ច័យនោះៗ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ការយល់ត្រូវណា ចំពោះធម៌ទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងឋានៈ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអដ្ឋានៈ (មិនមែនជាហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ មិនមែនជាហេតុ មិនមែនជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថា អដ្ឋានៈ
ID: 637646546923800857
ទៅកាន់ទំព័រ៖