ព្រះត្រៃបិដក ភាគ ៧៩
កើតឡើងហើយក៏មាន ដែលប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងក៏មាន។ កុសល និងអកុសលក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងហើយ ក៏មាន។ ឯនិព្វាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងឡើយ។
[៣៩៥] វៀរតែនិព្វានចេញ ពួកធម៌ទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ ឯនិព្វាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងឡើយ។
[៣៩៦] ពួកធម៌មានអារម្មណ៍ជាអតីត តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ជាអតីត។ ពួកធម៌អស់ការប្រកប មានអារម្មណ៍ជាអនាគត មិនមានទេ។ ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ តើដូចម្តេច។ បញ្ចវិញ្ញណ ២ និងមនោធាតុ ៣ នេះពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល មនោវិញ្ញាណធាតុ ប្រកបដោយឧបេក្ខា ខាងវិបាកនៃអកុសល និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយសោមនស្ស នេះពួកធម៌មានអារម្មណ៍ជាអតីតក៏មាន
ID: 637646552880988196
ទៅកាន់ទំព័រ៖