ព្រះត្រៃបិដក ភាគ ៧៩
មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។ កាមាវចរកុសល អកុសល និងចិត្តុប្បាទ ៩ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថា មានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩៧] វៀរលែងតែរូប ដែលមិនជាប់ដោយឥន្រ្ទិយ និងនិព្វានចេញ ពួកធម៌ទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ ឯរូបដែលមិនជាប់ដោយឥន្រ្ទិយ និងនិព្វាន ទុកជាខាងក្រៅ។
ID: 637646553134738724
ទៅកាន់ទំព័រ៖