ព្រះត្រៃបិដក ភាគ ៧៩

 [៤០៩] ពួក​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ នេះ​ពួក​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់។ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ប៉ះពាល់ តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប​ដែល​ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ និង​និព្វាន នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​ប៉ះពាល់។
 [៤១០] ពួក​ធម៌​មាន​រូប តើ​ដូចម្តេច។ មហាភូតរូប ៤ ផង រូប​អាស្រ័យ​នូវ​មហាភូតរូប ៤ ផង នេះ​ពួក​ធម៌​មាន​រូប។ ពួក​ធម៌​មិន​មាន​រូប តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​និព្វាន នេះ​ពួក​ធម៌​មិន​មាន​រូប។
 [៤១១] ពួក​ធម៌​ជា​លោកិយ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ជា​លោកិយ។ ពួក​ធម៌​ជា​លោកុត្តរ តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ជា​លោកុត្តរ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637646555630210570
ទៅកាន់ទំព័រ៖