ព្រះត្រៃបិដក ភាគ ៧៩
កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តាផង មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។
[៤៥៦] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ឯកាមុបាទាន តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទិដ្ឋុបាទាន សីលព្វតុបាទាន និងអត្តវាទុបាទាន តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាឧបាទាន។ ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទាន។
[៤៥៧] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។
ID: 637646561288178948
ទៅកាន់ទំព័រ៖