ព្រះត្រៃបិដក ភាគ ៧៩
[៤៦៧] ពួកធម៌ជាកិលេសផង សៅហ្មងហើយផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងហើយផង។ ពួកធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ នេះពួកធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស។ ពួកធម៌ដែលមិនសៅហ្មងហើយ មិនគប្បីពោលថា ជាកិលេសផង សៅហ្មងហើយផង ថាគ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេសផងឡើយ។
[៤៦៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង តើដូចម្តេច។ ពួកកិលេស ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង។ ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស។ ពួកធម៌ប្រាសចាកកិលេស មិនគប្បីពោលថា ជាកិលេសផង ប្រកបដោយកិលេសផង ថា គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេសផងឡើយ។
ID: 637646562955991384
ទៅកាន់ទំព័រ៖