ព្រះត្រៃបិដក ភាគ ៧៩
[៤៦៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌ប្រកបដោយកិលេស មិនគប្បីពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថា ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផងឡើយ។
[៤៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា នេះពួកធម៌គួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយទស្សនៈ ក៏មាន មិនគួរលះដោយទស្សនៈ ក៏មាន។ ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។
ID: 637646563189428932
ទៅកាន់ទំព័រ៖