ព្រះត្រៃបិដក ភាគ ៧៩
[៧៦] រូបជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ការទប់ទល់កាយ ការកំរើកកាយ អាការៈញ៉ាំងកាយឲ្យកំរើក ភាពនៃការញ៉ាំងកាយឲ្យកំរើក ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈានថយក្រោយក្តី កាលសំឡឹងមើលក្តី កាលក្រឡេកមើលក្តី កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។ រូបមិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយវិញ្ញត្តិ។
[៧៧] រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះលោកហៅថាវាចា បានដល់ការកំរើកសំដី ការញ៉ាំងសំដីឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក នេះរូបជាវចីវិញ្ញត្តិ។ រូបមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវចីវិញ្ញត្តិ។
ID: 637646493087542339
ទៅកាន់ទំព័រ៖