ព្រះត្រៃបិដក ភាគ ៧៩
និក្ខេបកណ្ឌ
[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលមូល ៣ គឺអលោភៈ (ការមិនលោភ) ១ អទោសៈ (ការមិនប្រទូស្ត) ១ អមោហៈ (ការមិនវង្វេង) ១ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូល មានអលោភៈ ជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានអលោភៈជាដើមនោះ នេះពួកធម៌ជាកុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ (លោកុត្តរៈ) នៃធម៌ជាកុសល និងអកុសល វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលគ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក ឬក៏រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637646507012541938
ទៅកាន់ទំព័រ៖