ព្រះត្រៃបិដក ភាគ ៧៩

នេះ​ពួក​ធម៌​ជា​អាសវៈ​ផង ប្រកបដោយ​អាសវៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ។
 [២១៨] ពួក​ធម៌​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។ ពួក​ធម៌​ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង។
 [២១៩] ពួក​ធម៌​ជា​សញ្ញោជនៈ (ធម៌​ចង​សត្វ​ទុក​ក្នុង​វដ្តៈ) តើ​ដូចម្តេច។ សញ្ញោជនៈ ១០ ប្រការ គឺ​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ មាន​សញ្ញោជនៈ ទិដ្ឋិ​សញ្ញោជនៈ វិចិកិច្ឆា​សញ្ញោជនៈ សីលព្វត​បរាមាស​សញ្ញោជនៈ ភវ​រាគ​សញ្ញោជនៈ ឥស្សា​សញ្ញោជនៈ មច្ឆរិយ​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ ១។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637646527082854741
ទៅកាន់ទំព័រ៖