ព្រះត្រៃបិដក ភាគ ៧៩

 [៤៤២] ពួក​ធម៌​ប្រកបដោយ​អារម្មណ៍ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ នេះ​ពួក​ធម៌​ប្រកបដោយ​អារម្មណ៍។ ពួក​ធម៌​មិន​មាន​អារម្មណ៍ តើ​ដូចម្តេច។ រូប និង​និព្វាន នេះ​ពួក​ធម៌​មិន​មាន​អារម្មណ៍។
 [៤៤៣] ពួក​ធម៌​ជា​ចិត្ត តើ​ដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ មនោ​ធាតុ មនោវិញ្ញាណ​ធាតុ នេះ​ពួក​ធម៌​ជា​ចិត្ត។ ពួក​ធម៌​មិនមែន​ជា​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​ចិត្ត។
 [៤៤៤] ពួក​ធម៌​ជា​ចេតសិក តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ជា​ចេតសិក។ ពួក​ធម៌​មិនមែន​ជា​ចេតសិក តើ​ដូចម្តេច។ ចិត្ត​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិនមែន​ជា​ចេតសិក។
 [៤៤៥] ពួក​ធម៌​ប្រកបដោយ​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​ចិត្ត។ ពួក​ធម៌​ប្រាសចាក​ចិត្ត តើ​ដូចម្តេច។ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​ចិត្ត។ ចិត្ត មិន​គប្បី​ពោល​ថា ប្រកបដោយ​ចិត្ត​ផង ថា​ប្រាសចាក​ចិត្ត​ផង​ឡើយ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637646560155366381
ទៅកាន់ទំព័រ៖