ព្រះត្រៃបិដក ភាគ ០៨

ចូរ​លោក​ទាំងឡាយ​ ​ឲ្យ​ចំណែក​មក​យើង​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​និយាយ​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ ​យើង​មិន​ឲ្យ​ចំណែក​ ​ដល់​លោក​ទាំងឡាយ​ទេ​ ​(​បើ​លោក​ទាំងឡាយ​ ​ចង់បាន​សំពត់​បង្សុកូល​)​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​លោក​ទាំងឡាយ​ ​មិន​រង់ចាំ​យើង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មិន​ប្រាថ្នា​នឹង​ឲ្យ​ ​ក៏​កុំ​ឲ្យ​នូវ​ចំណែក​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មិន​រង់ចាំ​បាន​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ក្នុង​កោសល​ជនបទ​។​ ​ភិក្ខុ​ពួក​ខ្លះ​ ​ដើរទៅ​កាន់​ព្រៃស្មសាន​ ​ដើម្បីនឹង​បង្សុកូល​ ​ភិក្ខុ​ពួក​ខ្លះ​បាន​រង់ចាំ​។​ ​ពួក​ភិក្ខុ​ណា​ ​ចូល​ទៅកាន់​ព្រៃស្មសាន​ ​ដើម្បីនឹង​បង្សុកូល​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​សំពត់​បង្សុកូល​។​ ​ពួក​ភិក្ខុ​ណា​ ​ដែល​រង់ចាំ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ចូរ​លោក​ទាំងឡាយ​ ​ឲ្យ​ចំណែក​មក​យើង​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលតប​វិញ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​យើង​មិន​ឲ្យ​ចំណែក​ដល់​លោក​ទាំងឡាយ​ទេ​ ​ហេតុ​ម្តេច​ ​បាន​ជា​លោក​ទាំងឡាយ​ ​មិន​ចូល​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ដែល​ទុកជា​មិន​ចង់​ឲ្យ​ ​ក៏​ត្រូវឲ្យ​ចំណែក​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​រង់ចាំ​។​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​ភិក្ខុ​ច្រើន​រូប​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636795436559128472
ទៅកាន់ទំព័រ៖