ព្រះត្រៃបិដក ភាគ ០៨
សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ហើយចង់បានចំណែករបស់ខ្លួន (ជាប់ទៅផង)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែករបស់ខ្លួន (គឺរបស់ភិក្ខុអ្នកឆ្លងស្ទឹង) ដល់ភិក្ខុអ្នកឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់បានចំណែកថ្លៃច្រើនជាងគេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើកប្បិយភណ្ឌ គេបានឲ្យហើយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែកដ៏ច្រើនចុះ។ គ្រានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរដូចម្តេចហ្ន៎ យើងត្រូវឲ្យចំណែកចីវរដោយលំដាប់ភិក្ខុដែលមកឬ ៗនឹងត្រូវឲ្យចំណែកចីវរ តាមលំដាប់ភិក្ខុចាស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើចីវរខ្វះហើយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយ ញុំាងភិក្ខុឲ្យត្រេកអរសិន ហើយសឹមធ្វើការបោះស្លាក។
[៥៣] សម័យនោះឯង ភិក្ខុទាំងឡាយជ្រលក់ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ចីវរនោះ ក៏មានពណ៌មិនល្អ។
ID: 636795440414018959
ទៅកាន់ទំព័រ៖