ព្រះត្រៃបិដក ភាគ ០៨

បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​គោតម​ចេតិយ​ ​ទៀប​ក្រុង​វេសាលី​នោះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចីវរ​តែមួយ​ ​គង់នៅ​ក្នុង​ទី​កណ្តាល​វាល​ ​ក្នុង​វេលា​យប់​ ​ក្នុង​សម័យ​មាន​ទឹកសន្សើម​ធ្លាក់ចុះ​ ​ក្នុង​រាត្រី​ទាំងឡាយ​ ​ដែល​ត្រជាក់​ ​នៅក្នុង​ហេមន្តរដូវ​ ​ឋិតនៅ​ជា​ចន្លោះ​ ​នៃ​ខែមាឃ​ ​និង​ខែផល្គុណ​(​១​)​ ​ព្រះអង្គ​ក៏​មិន​រងា​ឡើយ​ ​លុះ​បឋមយាម​កន្លងទៅ​ហើយ​ ​ទើប​ព្រះអង្គ​រងា​ ​ហើយ​ព្រះអង្គ​ ​ទ្រង់​ចីវរ​ជា​គំរប់​ពីរ​ ​ព្រះអង្គ​ក៏​បាត់​រងា​ទៅ​ ​លុះ​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​ទើប​ព្រះអង្គ​រងា​ ​ហើយ​ព្រះអង្គ​ទ្រង់​ដណ្តប់​ចីវរ​ជា​គំរប់​បី​ ​ព្រះអង្គ​ក៏​បាត់​រងា​ទៀត​ ​លុះ​បច្ឆិមយាម​កន្លងទៅ​ហើយ​ ​កាល​អរុណរះ​ឡើង​ ​រាត្រី​ក៏​ភ្លឺ​ព្រាង​ៗ​ ​ទើប​ព្រះអង្គ​រងា​ ​ព្រះអង្គ​ទ្រង់​ដណ្តប់​ចីវរ​ជា​គំរប់​បួន​ ​ព្រះអង្គ​ក៏​បាត់​រងា​ទៅ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​រិះគិត​ដូច្នេះ​ថា​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​កុលបុត្ត​ទាំងឡាយ​ណា​ ​ដែល​ជា​អ្នក​រងា​ជាប្រក្រតី​ ​ជា​អ្នកខ្លាច​រងា​ ​កុលបុត្ត​ទាំងនោះ​ ​ក៏​អាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ចីវរ៣បាន​ ​បើដូច្នេះ​ ​គួរ​តថាគត​ ​ចងសីមា​ ​ហើយ​តាំង​ទុក​នូវ​ខេត្ត​ដែន​ក្នុង​ចីវរ​ ​ហើយ​អនុញ្ញាត​ចីវរ៣​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​
​(​១​)​ ​វិមតិវិនោទនី​ដីកា​ថា​ ​រាត្រី៨​ ​គឺ​ខាងចុង​ខែមាឃ​ ​៤រាត្រី​ ​ខាងដើម​ខែផល្គុណ៤រាត្រី​ ​ហៅថា​ ​រាត្រី​នៅជា​ចន្លោះ​នៃ​ខែមាឃ​ ​និង​ខែផល្គុណ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636795442785684611
ទៅកាន់ទំព័រ៖