ព្រះត្រៃបិដក ភាគ ០៨
អតិរេកចីវរ បានកើតឡើង ដល់ព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ប្រាថ្នាប្រគេនចីវរនោះ ទៅព្រះសារីបុត្តដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ ក៏គង់នៅឯក្រុងសាកេត។ វេលានោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីរិះគិតដូច្នេះថា ព្រះមានព្រះភាគ បានបញ្ញត្តថា ភិក្ខុមិនត្រូវទ្រទ្រង់អតិរេកចីវរទេ ក៏ឯអតិរេកចីវរនេះ កើតឡើងដល់អាត្មាអញហើយ តែថា អាត្មាអញ ចង់ប្រគេនចីវរនេះ ទៅព្រះសារីបុត្តដ៏មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏មានអាយុ គង់នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត នៅយូរប៉ុន្មានថ្ងៃទៀត ទើបបានមកដល់។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ព្រះសារីបុត្ត មុខជានឹងមកក្នុងថ្ងៃទី៩ ឬក្នុងថ្ងៃទី១០។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់អតិរេកចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័នោះ អតិរេកចីវរ កើតឡើងដល់ភិក្ខុទាំងឡាយ។ វេលានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា
ID: 636795537244707358
ទៅកាន់ទំព័រ៖