ព្រះត្រៃបិដក ភាគ ០៨
កំពុងងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏គិតថា ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ រួចហើយក៏ត្រឡប់ចូលទៅកាន់សំណាក់នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងនាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជំរះកាយ តែទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានភិក្ខុទេ មានសុទ្ធតែពួកអាជីវក កំពុងនាំគ្នាងូតទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាលថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ កាលនោះ ភិក្ខុទាំងនោះ ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួលហើយ ក៏នាំគ្នាយកចីវរទាំងឡាយ ចូលទៅកាន់លំនៅ ដូចដែលវិញ។ ឯទាសីនោះ ទៅកាន់អារាម មិនឃើញពួកភិក្ខុ ក៏គិតថា ក្នុងអារាមគ្មានភិក្ខុសោះ មានតែអារាមទទេ ហើយក៏ត្រឡប់ចូលទៅកាន់សំណាក់នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងនាងវិសាខាមិគារមាតាថា
ID: 636795539148866269
ទៅកាន់ទំព័រ៖