ព្រះត្រៃបិដក ភាគ ០៨
បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានភិក្ខុសោះ មានតែអារាមទទេ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួល ហើយនាំយកចីវរទាំងឡាយ ចូលទៅកាន់លំនៅដូចដែល ទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុសោះ មានតែអារាមទទេ។ នាងវិសាខា ក៏បង្គាប់ទាសីទៀតថា នែហង ហងចូរទៅកាន់អារាម ហើយក្រាបបង្គំទូលភត្តកាលថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នករាល់គ្នា រៀបចំបាត្រ និងចីវរចុះ (ព្រោះ) ដល់ពេលចង្ហាន់ហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះបន្ទូលរបស់ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ លុះវេលាព្រឹកឡើង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់បំបាត់ព្រះអង្គ អំពីវត្តជេតពន ទៅប្រាកដទៀបក្លោងទ្វារ របស់នាងវិសាខាមិគារមាតា (ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ជាមួយនឹងព្រះភិក្ខុសង្ឃ។ គ្រានោះ
ID: 636795539500196364
ទៅកាន់ទំព័រ៖