ព្រះត្រៃបិដក ភាគ ០៨
អញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។
ID: 636795403534379564
ទៅកាន់ទំព័រ៖