ព្រះត្រៃបិដក ភាគ ០៨
ប្រគេនគមិកភត្ត ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភោជន ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬនឹងធ្វើមរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភត្ត របស់ខ្ញុំព្រះអង្គហើយ អាពាធ ក៏មិនចំរើនឡើង មរណភាពក៏គ្មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានភត្ត ដល់ព្រះសង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុអ្នកបម្រើភិក្ខុឈឺ កាលបើរវល់តែនឹងស្វែងរកភត្តសម្រាប់ខ្លួនហើយ មុខជានឹងនាំយកភត្តមកឲ្យភិក្ខុឈឺក្នុងវេលាថ្ងៃពេក ហើយក៏នឹងធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ បើភិក្ខុអ្នកបម្រើភិក្ខុឈឺនោះ បានឆាន់គិលានុបដ្ឋាកភត្ត របស់ខ្ញុំព្រះអង្គហើយ នឹងបាននាំយកភត្ត មកឲ្យភិក្ខុឈឺ ក្នុងកាលគួរ ហើយនឹងមិនធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានុបដ្ឋាកភត្ត ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬនឹងធ្វើមរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភេសជ្ជៈ របស់ខ្ញុំព្រះអង្គហើយ អាពាធក៏មិនចំរើនឡើង មិនធ្វើមរណភាពទេ
ID: 636795540723476332
ទៅកាន់ទំព័រ៖