ព្រះត្រៃបិដក ភាគ ០៨
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនគិលានភេសជ្ជៈ ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ មានតទៅទៀត ព្រះដ៏មានព្រះភាគ ទ្រង់យល់ឃើញអានិសង្សទាំង១០យ៉ាងហើយ បានជាទ្រង់អនុញ្ញាតបបរ ក្នុងអន្ធកវិន្ទប្រទេស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញអានិសង្សទាំងនោះដែរ បានជាចង់ប្រគេនធុវយាគូ ដល់សង្ឃអស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុនី ក្នុងសាសនានេះ មានកាយអាក្រាត ងូតទឹកក្នុងកំពង់មួយ ជាមួយនឹងពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹងអចិរវតី បពិត្រព្រះអង្គដ៏ចំរើន ពួកស្រីពេស្យាទាំងនោះ នាំគ្នាចំអក ចំអន់ពួកភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ នៅក្មេងនៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរតែលោកម្ចាស់ទាំងឡាយ នៅបរិភោគកាមគុណសិន បើលោកម្ចាស់ទាំងឡាយ ចាស់ជរាវេលាណា សឹមនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌វេលានោះចុះ យ៉ាងនេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ បានរក្សាប្រយោជន៍ទាំងពីរទុក បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យដូច្នេះ) ហើយ ភិក្ខុនីទាំងនោះ ក៏មានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការមិនស្អាតទេ
ID: 636795540994511834
ទៅកាន់ទំព័រ៖