ព្រះត្រៃបិដក ភាគ ០៨
គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍នេះហើយ បានជាចង់ប្រគេនឧទកសាដិកៈ
(១) ដល់ភិក្ខុនីសង្ឃអស់មួយជីវិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះនាងយល់ឃើញអានិសង្សដូចម្តេច បានជានាងសូមពរ៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងសាសនានេះ នៅចាំវស្សាក្នុងទិសទាំងឡាយ រួចហើយនឹងមកកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ ភិក្ខុទាំងនោះនឹងចូលមកគាល់ព្រះអង្គ ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណកាលហើយ ភិក្ខុនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏មានព្រះភាគ មុខជានឹងទ្រង់ព្យាករណ៍បញ្ហានេះ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ នឹងចូលទៅរកភិក្ខុទាំងនោះ ហើយនឹងសួរថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន លោកម្ចាស់នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើប្រសិនជាពួកភិក្ខុនិយាយប្រាប់ខ្ញុំព្រះអង្គថា ភិក្ខុនោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ នឹងដល់នូវសេចក្តីចូលចិត្តក្នុងហេតុនេះថា ច្បាស់ជាលោកម្ចាស់នោះ ធ្លាប់បានបរិភោគវស្សិកសាដិកក្តី
(១) សំពត់សម្រាប់ងូតទឹក ឬដែលហៅជាពាក្យកាត់ខ្លីថា សំពត់ងូត។
ID: 636795541384014113
ទៅកាន់ទំព័រ៖