ព្រះត្រៃបិដក ភាគ ០៨
អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិនខាន) កាលខ្ញុំព្រះអង្គនោះ រលឹកទាននោះរឿយៗហើយ សេចក្តីត្រេកអរទន់ នឹងកើតឡើង កាលបើសេចក្តីត្រេកអរទន់ កើតឡើងហើយ ចិត្តប្រកបដោយបីតិ នឹងកើតឡើង កាលបើចិត្តប្រកបដោយបីតិ កើតឡើងហើយ កាយក៏នឹងស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ មានកាយស្ងប់រម្ងាប់ហើយ នឹងទទួលសេចក្តីសុខ កាលបើខ្ញុំព្រះអង្គ បានទទួលសេចក្តីសុខហើយ ចិត្តក៏នឹងដំកល់មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនានោះ នឹងមានដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់ឃើញអានិសង្សនេះហើយ បានជាសូមពរ៨ប្រការ អំពីព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ ល្អហើយ ម្នាលនាងវិសាខា នាងបានយល់ឃើញអានិសង្សនេះ ហើយបានសូមពរ៨ប្រការ អំពីតថាគត ជាការប្រពៃពិត ម្នាលនាងវិសាខា (បើដូច្នោះ) តថាគតអនុញ្ញាតពរ៨ប្រការដល់នាង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះនាងវិសាខា ដោយគាថាទាំងឡាយនេះថា
ID: 636795541649209281
ទៅកាន់ទំព័រ៖