ព្រះត្រៃបិដក ភាគ ០៨
អសុចិរបស់ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាតចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតាមិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុ ដែលបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេកលក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់ភិក្ខុបានដំកល់ស្មារតីខ្ជាប់ ដឹងខ្លួន ហើយដេកលក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនិសីទនៈ (សំពត់ទ្រាប់អង្គុយ) ដើម្បីរក្សាកាយ ដើម្បីរក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈទាំងអស់មិនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគតអនុញ្ញាត ឲ្យធ្វើទំហំប៉ុណ្ណោះ។
ID: 636795543569759130
ទៅកាន់ទំព័រ៖