ព្រះត្រៃបិដក ភាគ ០៨

ចីវរ​មាន​ជាយ​មិន​ស្មើគ្នា​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​រុះរើ​ចីវរ​ ​ដែល​មាន​ជាយ​មិន​ស្មើគ្នា​ ​(​គឺ​កាត់​ជាយ​ដែល​វែង​ជាងគេ​ចេញ​)​។​ ​សរសៃអំបោះ​ទាំងឡាយ​ ​ក៏​ចេះតែ​រសាត់​ចេញ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លើកឡើង​ ​(​គឺ​ប៉ះ​)​ ​អនុវាត​ខាង​ខ្នង​ ​នឹង​អនុវាត​ខាង​ពោះ​។​ ​សម័យ​នោះ​ឯង​ ​ជាន់​ទាំងឡាយ​នៃ​សង្ឃាដិ​ ​ដាច់​ចេញពី​គ្នា​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ធ្វើ​ថ្នេរ​ ​ឲ្យ​មាន​សណ្ឋាន​ដូចជា​ក្រឡាចត្រង្គ​។​
 ​[​៦៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​កំពុង​ធ្វើ​ចីវរ​ ​(​ឲ្យ​)​ ​ភិក្ខុ១រូប​ ​លុះ​ភិក្ខុ​កាត់​ចីវរ​ទាំងអស់​ទៅ​ហើយ​ ​ក៏​មិន​គ្រប់គ្រាន់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​កាត់​តែ​ចីវរ​ពីរ​ ​ចីវរ​មួយ​ ​មិនបាច់​កាត់​ក៏បាន​។​ ​ដល់​កាត់​ចីវរ​ពីរ​ ​ចីវរ​មួយ​មិន​កាត់​ ​ក៏​នៅតែ​មិន​គ្រប់គ្រាន់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636795548143320723
ទៅកាន់ទំព័រ៖