ព្រះត្រៃបិដក ភាគ ០៨

ច្បាស់​ហើយ​ថា​ ​ចីវរ​ទាំងនោះ​ ​ជា​ចីវរ​របស់​លោក​ទាំងឡាយ​ ​កំណត់​តែត្រឹម​កឋិន​ដោះ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ៣រូប​ ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ពួក​មនុស្ស​ ​ក្នុង​ទីនោះ​ ​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចីវរ​ចំពោះ​សង្ឃ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ដែល​ហៅថា​ ​សង្ឃ​ ​បើ​យ៉ាងតិច​បំផុត​ ​ត្រឹម​ភិក្ខុ៤រូប​ ​ឥឡូវ​ ​យើង​ទាំងឡាយ​ ​ជា​ជន៣រូប​ ​ក៏​មនុស្ស​ទាំងនេះ​ ​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចីវរ​ចំពោះ​សង្ឃ​ ​តើ​យើង​ទាំងឡាយ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ថេរៈ​ច្រើន​អង្គ​ ​គឺ​ព្រះ​ថេរៈ​ ​ឈ្មោះ​និល​វាសី​ដ៏​មាន​អាយុ១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​សាណ​វាសី​ដ៏​មាន​អាយុ១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​គោ​បកៈ​ដ៏​មាន​អាយុ១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​ភ​គុ​ដ៏​មាន​អាយុ១​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​ផលិក​សន្ទា​នៈ​ដ៏​មាន​អាយុ១​ ​នៅ​ក្នុង​កុក្កុដា​រាម​ ​ទៀប​ក្រុង​បាត​លិ​បុត្ត​។​ ​កាលនោះ​ ​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ទៅកាន់​ក្រុង​បាត​លិ​បុត្ត​ ​ហើយ​សួរ​ព្រះ​ថេរៈ​ទាំងឡាយ​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​ក៏បាន​ដឹង​ច្បាស់​ថា​ ​ចីវរ​ទាំងឡាយ​នោះ​ ​ជា​ចីវរ​របស់​អ្នក​ទាំងឡាយ​ ​កំណត់​តែត្រឹម​កឋិន​ដោះ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636795550541067866
ទៅកាន់ទំព័រ៖