ព្រះត្រៃបិដក ភាគ ០៨

អ្នកបម្រើ​ជម្ងឺ​ហើយ​។​ ​ការ​ឲ្យ​ត្រៃចីវរ​ ​និង​បាត្រ​ ​ដល់​ពួក​ភិក្ខុ​ ​អ្នកបម្រើ​ជម្ងឺ​ ​ប្រហែលជា​គាប់ចិត្ត​ ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​សម័យ​នោះ​ឯង​ ​មាន​សាមណេរ​មួយ​រូប​ ​ធ្វើ​មរណភាព​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សាមណេរ​ ​(​ណាមួយ​)​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ត្រូវ​សង្ឃ​ជា​ម្ចាស់​លើ​បាត្រ​ ​និង​ចីវរ​ ​(​របស់​សាមណេរ​នោះ​)​ ​តែថា​ ​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​មាន​ឧបការៈ​ច្រើនជាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ ​ឲ្យ​ចីវរ​ ​និង​បាត្រ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សាមណេរ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ចីវរ​ ​និង​បាត្រ​នេះ​ ​ជា​របស់​សាមណេរ​នោះ​។​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សាមណេរ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ចីវរ​ ​និង​បាត្រ​នេះ​ ​ជា​របស់​សាមណេរ​នោះ​។​ ​បើ​ការ​ឲ្យ​ចីវរ​ ​និង​បាត្រ​ ​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវឲ្យ​ចីវរ​ ​និង​បាត្រ​នេះ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636795553992595282
ទៅកាន់ទំព័រ៖