ព្រះត្រៃបិដក ភាគ ០៨
ស្លៀកសំពត់ដែលគេធ្វើពីស្បែកខ្លា ហើយចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ស្បែកខ្លានេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាតឲ្យពួកភិក្ខុស្លៀកដណ្តប់សំពត់ស្បែកខ្លា ជាការស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ នែមោឃបុរស អ្នកមិនសមបើនឹងទ្រទ្រង់សំពត់ស្បែកខ្លា ជាទង់ជ័យ នៃតិរ្ថិយសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ស្បែកខ្លា ជាទង់ជ័យរបស់តិរ្ថិយទេ ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីដើមរាក់។បេ។
ID: 636795555634699205
ទៅកាន់ទំព័រ៖