ព្រះត្រៃបិដក ភាគ ០៨
ស្លៀកសំពត់ដែលគេធ្វើពីសម្បកក្រចៅ ហើយចូលទៅកាន់សំណាក់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សំពត់សម្បកក្រចៅនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យមានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាតឲ្យពួកភិក្ខុ (ទ្រទ្រង់) សំពត់សម្បកក្រចៅ ជាការស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹងស្លៀកសំពត់សម្បកក្រចៅសោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកសំពត់សម្បកក្រចៅទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
ID: 636795555872842826
ទៅកាន់ទំព័រ៖