ព្រះត្រៃបិដក ភាគ ០៨
ជាអាវាស មានលាភស្មើគ្នា កាលបើគេឲ្យចីវរក្នុងអាវាសតែ១ ទុកដូចជា បានឲ្យចីវរ ក្នុងអាវាសទាំងអស់។ ដែលហៅថា គេឲ្យចីវរដោយសេចក្តីបញ្ញត្តិនៃភិក្ខា គឺ (សំដៅយក) ការបូជាជានិច្ច ដែលគេធ្វើ ចំពោះសង្ឃ ក្នុងទីណា គេក៏ឲ្យចីវរក្នុងទីនោះ។ ដែលហៅថា គេឲ្យចីវរចំពោះសង្ឃ គឺ (សំដៅយក) សង្ឃដែលមកជួបជុំមុខគ្នា ហើយត្រូវចែកចីវរចុះ។ ដែលហៅថា គេឲ្យចីវរ ចំពោះឧភតោសង្ឃ (សំដៅយក) ភិក្ខុសូម្បីច្រើនរូប ភិក្ខុនីតែ១រូប សង្ឃក៏ត្រូវឲ្យចីវរពាក់កណ្តាល (ស្មើគ្នា)។ ភិក្ខុនី សូម្បីច្រើនរូប ភិក្ខុតែ១រូប សង្ឃក៏ត្រូវឲ្យចីវរពាក់កណ្តាល (ស្មើគ្នា)។ ដែលហៅថា គេឲ្យចីវរចំពោះសង្ឃដែលនៅចាំវស្សា (សំដៅយក) ភិក្ខុមានកំណត់ប៉ុន្មានរូប នៅចាំវស្សាក្នុងអាវាសនោះ ភិក្ខុទាំងនោះ ត្រូវចែកចីវរគ្នាចុះ។ ដែលហៅថា ចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើបគេឲ្យចីវរគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យបបរហើយ គេឲ្យចីវរផង ជួនកាល គេឲ្យភត្តហើយ គេឲ្យចីវរផង ជួនកាល គេឲ្យខាទនីយៈហើយ គេឲ្យចីវរផង ជួនកាល គេឲ្យចីវរតែម្តង ជួនកាលគេឲ្យសេនាសនៈហើយ គេឲ្យទាំងចីវរផង ពុំនោះសោត គេឲ្យភេសជ្ជៈ ព្រមទាំងចីវរផង។ ដែលហៅថា គេឲ្យចីវរ ចំពោះបុគ្គលគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ ដោយពាក្យថា ខ្ញុំឲ្យចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ។
ចប់ ចីវរក្ខន្ធកៈទី៨។
ក្នុងខន្ធកៈនេះ មាន៩៦រឿង។
ID: 636795561361086736
ទៅកាន់ទំព័រ៖