ព្រះត្រៃបិដក ភាគ ០៨
គ្មានហេតុទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ នាំមិនឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកវត្តភិក្ខុដ៏បរិសុទ្ធ គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ភិក្ខុណាលើកវត្ត ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ គ្រានោះ ពួកភិក្ខុនោះ ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ លើស្មាម្ខាង ហើយក្រាបចុះទៀបព្រះបាទទាំងឡាយ នៃព្រះដ៏មានព្រះភាគ ដោយសិរសា ហើយទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ ត្រូវទោស ព្រោះជាបុគ្គលពាលយ៉ាងណា ជាបុគ្គលវង្វេងយ៉ាងណា ជាបុគ្គលមិនឆ្លាសយ៉ាងណា (ដោយហេតុ) យើងខ្ញុំទាំងឡាយ លើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួលអត់ទោស តាមទោស នៃយើងខ្ញុំទាំងឡាយ ដើម្បីសង្រួមតទៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវទោស ព្រោះជាបុគ្គលពាល ជាបុគ្គលវង្វេង ជាបុគ្គលមិនឆ្លាស យ៉ាងណា (ដោយហេតុ) អ្នកទាំងឡាយ បានលើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ ម្នាលភិក្ខុទាំងឡាយ កាលណាបើអ្នកទាំងឡាយ ឃើញទោសតាមទោសហើយ ចូរធ្វើតប (សំដែង) នូវទោសតាមធម៌ចុះ
ID: 636795566701362182
ទៅកាន់ទំព័រ៖