ព្រះត្រៃបិដក ភាគ ០៨
លំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នា ល្មមប្រព្រឹត្តទៅ បានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នា សាមគ្គីស្មោះសរ ឥតវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅក្នុងដែនបាឋា ប្រមាណ៣០រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សា ក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ
ID: 636795399550421695
ទៅកាន់ទំព័រ៖