ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាព្រមព្រៀង ទាំងប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ ព្រោះថាកម្មនោះ ប្រកបដោយធម៌ផង ព្រមព្រៀងផង ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុត្រូវធ្វើចុះ កម្មមានសភាពយ៉ាងនេះ តថាគតក៏អនុញ្ញាត។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាក្នុងសាសនានេះថា យើងទាំងឡាយ នឹងធ្វើកម្ម មានសភាពយ៉ាងនេះ គឺកម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាដោយប្រការដូច្នេះឯង។
[៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយមានសភាពយ៉ាងនេះគឺ ធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក តែប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនាខ្លះ ធ្វើកម្មវិបត្តិ ដោយអនុស្សាវនា តែបរិបូណ៌ដោយញត្តិខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ និងវិបត្តិដោយអនុស្សាវនាខ្លះ ធ្វើកម្មខុសចាកធម៌ខ្លះ ធ្វើកម្មខុសចាកវិន័យខ្លះ
ID: 636795568155615361
ទៅកាន់ទំព័រ៖