ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់មាតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់ព្រះអរហន្ត ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលធ្វើលោហិតុប្បាទ ម្នាលភិក្ខុទាំងឡាយ ឧភតោព្យញ្ជនកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះឯងថា មិនដល់នូវឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនដល់ នូវឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតដៃ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតជើង។បេ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងដៃ ទាំងជើង
ID: 636795579602590090
ទៅកាន់ទំព័រ៖